ដោយ : កោះសន្តិភាព
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជិះម៉ូតូមួយគ្រឿងប្រឡាក់ទៅដោយឈាម ហើយព្យាយាមដើរលក់ម៉ូតូ ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ប្រទះឃើញក៏បានឃាត់ខ្លួនសួរនាំ ទើបដឹងថា ជននេះបានធ្វើសកម្មភាពចាក់សម្លាប់បុរសម្នាក់ ហើយយកសពទៅញាត់ចូលក្នុងបឹងកំប្លោក ប្លន់យកម៉ូតូមួយគ្រឿងនេះកាលពីពេលយប់ ។ ក្រោយពេលដឹងពីហេតុការណ៍នេះ ប៉ូលិសក៏បានដឹកជននោះតាមរថយន្តមួយគ្រឿង ឱ្យនាំទៅចង្អុលបង្ហាញកន្លែង ចាក់សម្លាប់ជនរងគ្រោះ និងរាវរកសពបានប្រទះឃើញនៅក្នុងបឹងកំប្លោកនោះមែន ។
ហេតុការណ៍នោះកើតឡើងកាលពីយប់ថ្ងៃទី៨ កញ្ញា នៅចំណុចបឹងកំប្លោកមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយរហូតដល់ម៉ោង១០ព្រឹកថ្ងៃទី៩ កញ្ញា ទើបរកសពជនរងគ្រោះនេះឃើញ ។
ជនសង្ស័យប្លន់ម៉ូតូនោះត្រូវបានគេស្គាល់ថា ឈ្មោះសុខ សម្ផស្ស ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកលក់បុកល្ហុង មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល និងមានស្រុកកំណើតភូមិចុងព្រែក ឃុំអន្លុងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកឯជនរងគ្រោះឈ្មោះភាព ស៊ីណែត ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុបស្នាក់នៅក្នុង ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានស្រុកកំណើតភូមិបឹងដោល ឃុំបឹងដោលស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវចោរប្លន់ម្នាក់នោះចាក់នឹងកូនកាំបិតចុងស្រួចចំដើមទ្រូង រហូតស្លាប់រួចញាត់ចូលក្នុងបឹងកំប្លោកប្លន់យកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល ១S-២៥០២ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជន សង្ស័យបានអន្ទងហៅជនរងគ្រោះពីខេត្តកណ្តាល មកធ្វើសកម្មភាពចាក់សម្លាប់ប្លន់នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដោយពួកគេទាំងពីរនាក់ គឺជាមនុស្សធ្លាប់ស្គាល់គ្នាព្រោះ ជនសង្ស័យជាម៉ូយដែលជនរងគ្រោះធ្លាប់ឌុបជាញឹកញាប់ក្នុងពេលកន្លងមក ប៉ុន្តែពុំមែនជាមិត្តភក្តិ នឹងគ្នាទេ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុដោយសារជាមនុស្សធ្លាប់ស្គាល់គ្នា ពួកគេបាននាំគ្នាផឹកស៊ី ជុំគ្នានៅឯក្រុងតាខ្មៅខេត្តកណ្ដាល បន្ទាប់មកទើបជនសង្ស័យឲ្យជនរងគ្រោះឌុបចេញពីទីនោះដោយប្រាប់ថា ទៅកាន់ផ្ទះបងប្អូននៅម្តុំផ្សារកាណាស៊ីធី តាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែពុំដឹងថា ត្រូវរ៉ូវគ្នាក្នុងតម្លៃប៉ុន្មាននោះឡើយ ។ ខណៈនោះ ដោយសារតែនៅវេលាល្ងាចថ្ងៃទី៨ កញ្ញា នៅតាមផ្លូវចោមចៅនោះមានការកកស្ទះចរាចរមិនអាចទៅរួចទើបជន សង្ស័យបានប្រាប់ឲ្យជនរងគ្រោះឌុបទៅតាមផ្លូវលំមាត់បឹកខាងលើ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ជនសង្ស័យបានប្រាប់ឲ្យជនរងគ្រោះឈប់ ដើម្បីបត់ជើងតូចពេលនោះជនរងគ្រោះមិនបានគិតដល់ថា គេមានគំនិតអាក្រក់លើខ្លួននោះឡើយក៍បានឈប់ និងបានឈរនោមដែរ ហើយឆ្លៀតឱកាសដែលជនរងគ្រោះមានការធ្វេសប្រហែស ចោរម្នាក់នោះក៏បានដណ្តើមយកម៉ូតូ តែជនរងគ្រោះមិនព្រមប្រគល់ឲ្យទើប ជននោះដកកូនកាំបិតចិតបន្លែចុងស្រួចចាក់ចំដើមទ្រូងជនរងគ្រោះ បណ្តាលឲ្យបាញ់ឈាមប្រឡាក់ម៉ូតូ និងដួលដេកប្រកាច់ននៀលដី បន្ទាប់មកជននោះបានអូសទម្លាក់ទឹកញាត់ចូលក្នុងបឹង កំប្លោករួចទើបយកម៉ូតូជិះគេចខ្លួនតែម្តង ។
ប្រភពដដែលបានបន្តថា ក្រោយពេលចាក់សម្លាប់ជនរងគ្រោះបានសម្រេចហើយជននោះបាន យកម៉ូតូជិះគេចខ្លួនចូលទៅកណ្តាលរាជធានីភ្នំពេញទាំងយប់ ប៉ុន្តែគេពុំដឹងថា ជននេះដេកនៅកន្លែងណានោះទេ លុះដល់វេលាម៉ោងប្រហែល៦ព្រឹកថ្ងៃទី៩ កញ្ញា ជននោះបានជិះម៉ូតូដែលប្លន់បានខាងលើ ដើររកម៉ូយដើម្បីលក់ដោយមិនបានដឹងថា ម៉ូតូនោះមានប្រឡាក់ឈាមជនរងគ្រោះនោះឡើយ ។ ដោយសារឈាមស្រែកស្បែកហៅពេលជិះទៅដល់ក្នុង ភូមិសាស្រ្តសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានជួបនឹងកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង ការនគរបាលរាជធានីភ្នំពេញ កំពុងល្បាត ។ ប៉ូលិសបានប្រទះឃើញម៉ូតូមានប្រឡាក់ឈាមគួរឲ្យសង្ស័យក៏បានឃាត់សួរនាំ ទើបជននោះសារភាពថា ម៉ូតូនោះបានមកពីប្លន់សម្លាប់ជនរង គ្រោះកាលពីយប់ ។ ខណៈនោះ ប៉ូលិសបានដឹកជនសង្ស័យតាមរថយន្តមួយគ្រឿងទៅ ចង្អុលបង្ហាញទីតាំងកន្លែងកើតហេតុ និងជួលគេរាវរកសពជនរងគ្រោះ ក៏ប្រទះឃើញសពនៅក្នុងបឹងកំប្លោកនោះមែន ។
ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកប្រពន្ធជនរងគ្រោះមានផ្ទៃពោះ២ខែ បានប្រាប់សមត្ថកិច្ចថា នៅវេលាល្ងាចថ្ងៃទី៨ កញ្ញា នាងបានទូរស័ព្ទសួរប្តីថា នៅទីណា? ពេលនោះគាត់បានប្រាប់ថា កំពុងឌុបម៉ូយទៅដល់ម្តុំស្ពានដែកផ្លូវចំការដូង លុះដល់ម៉ោង៧យប់ថ្ងៃដដែលនាងទូរស័ព្ទសួរម្តងទៀត ស្រាប់តែលែងចូលរហូតដល់ព្រឹកឡើងទើបដឹងថា ប្តីត្រូវគេចាក់សម្លាប់ប្លន់យកម៉ូតូបាត់ ៕
0 comments:
Post a Comment