ដោយ: គេហទំព័រដើមអម្ពិល
ភ្នំពេញ ៖ សកម្មភាពប្លន់ ប្រដាប់អាវុធថ្មី មួយទៀត បានកើតឡើងខណៈដែលក្រុម ចោរប្រដាប់ដោយអាវុធ ក្នុងដៃបានចូលទៅ ប្លន់ និងភ្ជង់យកម៉ូតូ ពីជនរងគ្រោះ ដោយមិន ខ្លាចញញើតនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ហើយពេលប្លន់រួច ក្រោយពីជនរងគ្រោះ ស្រែកឆោឡោ ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ច ប៉ុន្ដែបានត្រឹមតែប្រកាសតាមវិទ្យុទាក់ទង ប៉ុណ្ណោះ រីឯក្រុមចោរមិនដឹងគេចខ្លួនទៅដល់ ណានោះឡើយ ។

សកម្មភាពប្លន់ ដែលបានកើតឡើងជាថ្មី ម្ដងទៀត ដោយមិនខ្លាចញញើតនិងសមត្ថ កិច្ចមូលដ្ឋាននោះឡើយ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលត្រូវបានក្រុមចោរប្លន់ មានគ្នា៣ ប្រដាប់ដោយអាវុធក្នុងដៃ លោក សុខ ភឿន អាយុ៤៦ឆ្នាំ បាននិយាយថា ខណៈដែលរូបលោក កំពុងដេកនៅលើគ្រែមុខផ្ទះ ក្បែរម៉ូតូរបស់ខ្លួន ស្រាប់តែពេលនោះ មានជនសង្ស័យ៣នាក់ ចូលមក ហើយយក កាំភ្លើងភ្ជង់គាត់មិនឱ្យស្រែក រួចហើយគ្នាវា ម្នាក់បានជិះម៉ូតូរបស់ជនរងគ្រោះចេញពីក្នុង ផ្ទះ ដោយសុវត្ថិភាព ។
ជនរងគ្រោះរូបនេះបានបន្ដទៀតថា ក្រោយពីក្រុមចោរទាំងនោះ បានប្លន់យក ម៉ូតូរបស់គាត់ទៅបាត់ ធ្វើឱ្យមានការភ្ញាក់ ផ្អើលស្រែកឆោឡោ ហើយក៏ឮដល់សមត្ថ កិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋ នាំគ្នាដេញតាម ចោរ ប៉ុន្ដែគ្មានលទ្ធផលនោះឡើយ ។
បើយោងតាមជនរងគ្រោះរូបនេះ ម៉ូតូ របស់លោក ដែលត្រូវបានក្រុមចោរប្លន់យក ទៅនោះ ម៉ាក ជ១២៥ ស៊េរី២០១២ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AZ-8876។
យ៉ាងណាក៏ដោយសមត្ថកិច្ចបានបញ្ជាក់ ថា ក្នុងសកម្មភាពប្លន់នេះ ក្រុមចោរមិនមាន អាវុធក្នុងដៃនោះឡើយ ពោលពួកគេបាន មកគំរាមជនរង គ្រោះ ហើយដោយសារជន រងគ្រោះភ័យខ្លាំងពេក ក៏អះអាងថា ក្រុម ចោរទាំងនេះ ប្រដាប់ដោយអាវុធក្នុងដៃ ។
បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ បាននឹងកំពុងធ្វើការស្រាវជ្រាវយកចិត្ដ ទុកដាក់ជាទីបំផុតតាមក្រុមចោរប្លន់ខាងលើ៕
0 comments:
Post a Comment